អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ប្រទេសស្វីសផ្តល់ថវិកា ៣,៥ លានដុល្លារ  សម្រាប់គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា  

    សុក្រ ១០ មីនា ,២០១៧ ២១:២៥ 1704
    ប្រទេសស្វីសផ្តល់ថវិកា ៣,៥ លានដុល្លារ  សម្រាប់គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា  

    ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកាជំនួយ របស់ប្រទេសស្វីសចំនួន ៣,៥ លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងបោសសំអាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៣”  ដល់វិស័យបោសសម្អាតមីននៅកម្ពុជាពីឆ្នាំ២០១៧ ដល់២០១៩ បន្ថែមលើការគាំទ្រ ថវិកាដែលបានផ្តល់ជូនរួចហើយពីឆ្នាំ២០១៣ ដល់២០១៥ ។

    ថវិកានេះនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រេច បានលទ្ធផលសកម្មភាពមីនជាអតិបរមា លើការអភិវឌ្ឍន៍មនុស្ស សម្រាប់សហគមន៍ក្រីក្រក្នុង ខេត្ត បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ។ ពីឆ្នាំ២០១៣ ដល់២០១៩ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រ គម្រោងនេះ ប្រមាណចំនួន ៧,២៤លានដុល្លារអាមេរិក ដែលគ្រប់គ្រងដោយ UNDP នៅកម្ពុជា។ គម្រោងនេះក៏ទទួលបាន ការគាំទ្រផងដែរពីរដ្ឋាភិបាលអូស្ត្រាលី។

    កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយ លោកស្រី Rahel Boesch នាយកទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និង លោក Nick Beresford នាយកប្រចាំប្រទេសរបស់ UNDP នៅកម្ពុជា។

    លោកស្រី Rahel Boesch បានបញ្ជាក់ក្នុងពិធីចុះហត្ថលេខាថា ប្រទេសស្វីសយល់ឃើញថា គោលដៅរបស់កម្ពុជា ក្នុងការធ្វើឲ្យកម្ពុជា ជាប្រទេសដែលគ្មានមីនត្រឹមឆ្នាំ២០២៥ ជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការអភិវឌ្ឍប្រទេស ប្រកបដោយថាមពល។ ការគាំទ្ររបស់ស្វីសដល់វិស័យសកម្មភាពមីន គឺស្របតាម កម្មវិធីប្រចាំប្រទេសរបស់ SDC ដើម្បីធានានូវការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាពដែលជាធាតុសំខាន់មួយ សម្រាប់ពង្រឹង សកម្មភាពកសិកម្ម និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់កសិករក្រីក្រតាមជនបទ។

    លោក Nick Beresford នាយកប្រចាំប្រទេសរបស់ UNDP នៅកម្ពុជា បានលើកឡើងផងដែរថា យើងជឿជាក់ថា គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣៖ សកម្មភាពមីនសម្រាប់ការ អភិវឌ្ឍមនុស្ស (២០១៦-២០១៩) នឹងធ្វើឲ្យមានការផ្លាស់ប្តូរបន្ថែមទៀតដល់ការរស់នៅតាមសហគមន៍ក្នុង ខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុតរួមមាន បាត់ដំបង បន្ទាយមានជ័យ និងប៉ែលិន។ វានឹងកាត់បន្ថយបន្ថែម ទៀតនូវអត្រារងគ្រោះ និងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍សម្រាប់ជនក្រីក្រ និងជនដែលងាយរងគ្រោះបំផុត។

    ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជា អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងក្នុងឱកាសនោះថា គម្រោងមិនមែនគាំទ្រតែការរំដោះផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏គាំទ្រផងដែរ ដល់ការរៀបចំយុទ្ធសាស្ត្រគោលនយោបាយនានា និងបង្កើតនូវប្រព័ន្ធ ត្រួតពិនិត្យសកម្មភាពដែលភ្ជាប់សកម្មភាពមីនទៅនឹងការអភិវឌ្ឍន៍មនុស្ស

    គម្រោងត្រូវបានបង្កើតឡើងដើម្បី ធានាឲ្យមាននូវវិធានការស្ថាប័ននានា ដើម្បីពង្រឹងការចូលរួម ចំណែករបស់កម្មវីធីសកម្មភាពមីនជាតិ ក្នុងការអភិវឌ្ឍន៍មនុស្ស ហើយជាលទ្ធផលសម្រេចបាននូវនូវការ រីកចម្រើន និង ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។

    ក្នុងចន្លោះឆ្នាំ២០១១ ដល់២០១៦ ប្រជាជនជិត ៤២០.០០០ នាក់ ដោយក្នុងនោះមានស្ត្រីប្រមាណ ២១០.០០០ នាក់ និងសិស្សច្រើនជាង១.០០០នាក់ បានទទួលផលពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ហើយមីនប្រឆាំងមនុស្សចំនួន ២០.២៤០ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣២៥ គ្រាប់ និង យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះចំនួន ២៤.៥៥០ បំណែកត្រូវបានកម្ទេច និងផ្ទៃដីអាទិភាពប្រមាណ ១០៩លាន ម៉ែត្រក្រឡា ត្រូវបាន បោសសម្អាតសម្រាប់ការធ្វើកសិកម្ម ការតាំងទីលំនៅ និងការកសាងរចនាសម្ព័ន្ធ។ អត្រារងគ្រោះត្រូវបាន កាត់បន្ថយពីចំនួន១៤៥នាក់ ក្នុងឆ្នាំ២០១០ មកត្រឹម ៣៣នាក់ ក្នុងឆ្នាំ២០១៦ ក្នុងខេត្តគោលដៅទាំងបី របស់គម្រោង

     

     


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 186
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 311
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 429
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 2860

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ170
    • ពីម្សិលមិញ624
    • ស​ប្តា​ហ៍នេះ794
    • ខែនេះ11561
    • ឆ្នាំនេះ75983