អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    សិក្ខាសាលាបូកសរុបការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរយៈពេល០៩ខែ ឆ្នាំ២០១៧

    អង្ការ ១០ តុលា ,២០១៧ ០៩:១៧ 232
    សិក្ខាសាលាបូកសរុបការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរយៈពេល០៩ខែ ឆ្នាំ២០១៧

    ខេត្តសៀមរាប ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបូកសរុបការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរយៈពេល០៩ខែ ឆ្នាំ២០១៧ និងការផ្សព្វផ្សាយផែនការសកម្មភាពការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២០១៧-២០១៩ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន សរុបចំនួនប្រមាណ ៨០រូប។

     

    សិក្ខាសាលារយៈពេលពីរថ្ងៃនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានរាយការណ៍ពីលទ្ធផលដែលសម្រេចបានកន្លងមក ក៏ដូចជាចែករំលែកបទពិសោធន៍ផ្លាស់ប្តូរព័ត៌មាន កំណត់បញ្ហាប្រឈម និងរិះរកដំណោះស្រាយរួម ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំផែនការសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអោយកាន់តែមានប្រសិទ្ធិភាព។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងមន្ត្រីរាជការអាជ្ញាធរមីន និងប្រតិបត្តិករអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវហើយទទួលបានលទ្ធផលល្អប្រសើរក្នុងការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានធ្វើឲ្យអត្រាជនរងគ្រោះថ្នាក់មានការថយចុះជាបន្តបន្ទាប់នាពេលកន្លងមក។ គិតចាប់ពីដើមខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៧ មានអ្នករងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមចំនួន ៤៣នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនមាន ៦៩នាក់ ថយចុះ ២៦នាក់ ត្រូវជា ៣៨%។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សង្គ្រាមពីអតីតកាលបានបន្សល់ទុកនូវតំបន់ ដែលនៅមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនដែលបានធ្វើឲ្យមនុស្សស្លាប់ និងរបួសពិការ និងជាឧបសគ្គដល់ជីវភាពរស់នៅរបស់ប្រជាជនយើង ព្រមទាំងបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយនឹងដៃគូអភិវឌ្ឍបានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្មនូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីនបានជាច្រើនម៉ឺនហិកតាជូនដល់សហគមន៍មូលដ្ឋាន។ ក៏ប៉ុន្តែផលប៉ះពាល់ជាអវិជ្ជមានរបស់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំពោះការកាត់បន្ថយភាពក្រីក្រនៅកម្ពុជានៅតែជាបញ្ហាចម្បងនៅឡើយ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រូវបង្កើននូវការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដោយប្រតិបត្តិករអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសហការជាមួយអាជ្ញាធរមីន ធ្វើការផលិតជាវីដេអូស្ព័ត Posterអប់រំដើម្បីយកទៅធ្វើការផ្សព្វផ្សាយ និងត្រូវស្វែងរកដៃគូសហការគាំទ្រថវិកាដើម្បីជួយដល់ការរៀបចំផលិតឯកសារទាំងនេះផងដែរ។ 

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា យើងត្រូវបន្តបញ្ចូលបន្ថែមកម្មវិធីអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងកម្មវិធីសិក្សានៅគ្រប់កំរិត។ ជាមួយនេះ អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយនគរបាលជាតិ និងប្រតិបត្តិករដោះមីន ដើម្បីឆ្លើយតបនូវសំណើររាយការណ៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា។ 

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់នូវគ្រោះថ្នាក់ដោយសារគ្រាប់ បែកគីមីបាននឹងកំពុងរកឃើញនៅក្នុងខេត្តស្វាយរៀង ដែលជាបញ្ហាថ្មីមួយសម្រាប់កម្ពុជាហើយទាមទារនូវការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយ និងបង្កានូវគ្រោះថ្នាក់ដោយសារគ្រាប់បែកគីមីទំាងនេះ។   

     

    តាមរយៈកម្មវិធីនៃសិក្ខាសាលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីជឿជាក់ថា សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូលនឹងពិគ្រោះពិភាក្សាផ្លាស់ប្តូរមតិយោបល់ រកឲ្យឃើញនូវចំណុចខ្លាំង និងខ្វះខាតក្នុងការងារកន្លងមកដើម្បីជាផលប្រយោជន៍សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស និងលើកទិសដៅសកម្មភាពបន្តប្រកបដោយប្រសិទ្ធិភាព។

      

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 172
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 357
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 379
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 425

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ345
    • ពីម្សិលមិញ353
    • ស​ប្តា​ហ៍នេះ1078
    • ខែនេះ5760
    • ឆ្នាំនេះ27460