អូស្លូ ប្រទេសណ័រវេស្ស៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបើកសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានជួបពិភាក្សាការងារជាមួយលោកជំទាវ OMI Asako អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសជប៉ុន ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់នូវការយកចិត្តទុកដាក់និងផ្តល់នូវជំនួយជាបន្តបន្ទាប់លើវិស័យបោស សម្អាតមីននៅកម្ពុជា ជាពិសេសការផ្តល់កិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើសុំរដ្ឋាភិបាលជប៉ុនបន្តជួយវិស័យបោសសម្អាតមីននៅកម្ពុជា ដើម្បីកម្ពុជាមានលទ្ធភាពសម្រេចបាននូវគោលដៅកម្ពុជាអស់ការគម្រាមដោយសារមីននៅឆ្នាំ ២០២៥។
លោកជំទាវសំដែងនូវការកោតសរសើររដ្ឋាភិបាលកម្ពុជាដែលមានឆន្ទះពិតប្រាកដក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានទទួលយកសំណើរបស់កម្ពុជាដាក់បញ្ចូលទៅក្នុងរបៀបវារៈសម្រាប់ជជែកពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុននៅពេលខាងមុខ។