អូស្លូ ប្រទេសន័រវេស្ស៖ រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានរាយការណ៍ជូនកិច្ចប្រជុំពេញអង្គនូវរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការនិងការផ្តល់ជំនួយ។
គិតពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ សហគមន៍ផ្តល់ជំនួយអន្តរជាតិបានបរិច្ចាកថវិកាទៅលើវិស័យសកម្មភាពមីននៅកម្ពុជាប្រមាណ៤៦៤លានដុល្លារ។ ដោយឡែករដ្ឋាភិបាលកម្ពុជាក៏បានចំណាយថវិកាប្រមាណ១៦០លានដុល្លារផងដែរ ។ ជាលទ្ធផល កម្ពុជាបោសសម្អាតបានផ្ទៃដី ១.៨៨១ គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ គ្រាប់មីនប្រឆាំងយាន្តយន្តប្រមាណ ២.៤៨៤០គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណ ២,៧លានគ្រាប់។ ថវិកាជំនួយនេះបានគាំទ្រឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច-សង្គម នាំឲ្យមានសន្តិភាព ដោះស្រាយបញ្ហាជនភៀសខ្លួន ផ្តល់ដីសម្រាប់បង្កបង្កើនផល កាត់បន្ថយគ្រោះថ្នាក់ ជួយសង្គ្រោះជនរងគ្រោះ កាត់បន្ថយភាពក្រីក្រ និងវិស័យជាច្រើនទៀត។ ដើម្បីសម្រេចនូវផែនការកម្ពុជាអស់ការគម្រាមដោយសារមីននៅឆ្នាំ២០២៥ កម្ពុជាត្រូវការថវិកាប្រមាណ ៣៧៧លានដុល្លារ បន្ថែមទៀត ដែលនឹងត្រូវបោសសម្អាតផ្ទៃដី ប្រមាណ៨៩០គីឡូម៉ែត្រក្រឡា ដែលមានការគម្រាមដោយសារមីន។