ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានអនុញ្ញាតឲ្យឯកឧត្តម Mr. Tomáš Kuchta អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណៈរដ្ឋឆេក និងសហការរីចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆេក ដែលតែងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនពីអាណត្តិការងាររបស់អាជ្ញាធរមីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូអភិវឌ្ឍ ដែលបានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្មនូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីនជាច្រើនម៉ឺនហិកតា។
ឯកឧត្តមទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថាកម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជិត២ពាន់គីឡូម៉ែត្រឡា និងត្រូវការថវិការប្រមាណ ៤០០លានដុល្លារ ដើម្បីធ្វើការបោសសម្អាតមីនអោយអស់នៅត្រឹមឆ្នាំ២០២៥។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យសាធារណៈឆេក ផ្តល់ការគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជាជួយបណ្តុះបណ្តាលដល់អ្នកជំនាញកម្ពុជាក្នុងការបោសសម្អាតគ្រាប់គីមីដែលបច្ចុប្បន្នកម្ពុជាកំពុងជួបប្រទះនូវបញ្ហានេះ។
ជាការឆ្លើយតប ឯកឧត្តម Mr. Tomáš Kuchta ក្នុងនាមរដ្ឋបាលភិបាលនៃសាធារណៈរដ្ឋឆេក នឹងពិនិត្យលទ្ធភាពជួយដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការផ្តល់វគ្គបណ្តុះបណ្តាលមន្ត្រីជំនាញផ្នែកបោសសម្អាតមីន ក៏ដូចជាគម្រោងថវិកាគាំទ្រជួយដល់កិច្ចបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នាពេលអនាគតផងដែរ។