អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ខួបលើកទី១៨ ទិវាជាតិយល់ដឹងពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧

    សុក្រ ២៤ មីនា ,២០១៧ ០០:១៧ 2339
    ខួបលើកទី១៨ ទិវាជាតិយល់ដឹងពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧

     

    ខេត្តបន្ទាយមានជ័យ, ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរមីន សហការជាមួយអាជ្ញាធរដែនដី ប្រតិបត្តិករសកម្មភាពកំចាត់មីន និងអង្គការជាតិអន្តរជាតិពាក់ព័ន្ធ មានរៀបចំប្រារព្ធមិទ្ទីងរំលឹកខួបលើកទី១៨ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ឆ្នាំ២០១៧ នៅបរិវេណវិទ្យាល័យថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ស្ថានទូត ប្រតិបត្តិករសកម្មភាពមីន អង្គការពាក់ព័ន្ធនានា ព្រះសង្ឃ យាយជី តាជី  ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ២០០០នាក់។

     

    ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានលើកឡើងពីថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាម អូសបន្លាយអស់រយៈពេលដ៏យូរ និងបង្កឲ្យខ្ទេចខ្ទីទ្រព្យសម្បត្តិ ឆេះផ្ទះសម្បែង ខូចខាតផ្លូវថ្នល់ ស្ពានលូ ភ្លឺប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងអាយុជីវិត ភាពកំព្រីកំព្រា ព្រាត់ប្រាស់បងប្អូនកូនចៅយ៉ាងខ្លោចផ្សា។ សង្គ្រាមបានចប់រលត់ទៅ តែបានបន្សល់ទុកនូវ គ្រាប់មីនតាមយាយីអាយុជីវិត និងបង្កគ្រោះថ្នាក់គ្រប់ពេលដល់ប្រជាពលរដ្ឋ តាមរយៈការស្រាវជ្រាវ ទិន្នន័យចំការមីនមូលដ្ឋាន បានបង្ហាញឲ្យឃើញថាផ្ទៃដីចំនួន ២៥.០០០ហិកតា ត្រូវបានសង្ស័យថា មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាបន្ទុកមួយយ៉ាងធំ ដែលបានធ្វើឲ្យប្រជាពលរដ្ឋ ទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានស្លាប់ របួស និងពិការដៃ-ជើង រហូតមកដល់បច្ចុប្បន្ននេះ។

    លោក Nick Beresford តំណាងប្រចាំប្រទេសរបស់អង្គការ UNDP បានមានប្រសាសន៍ថា អង្គការ UNDP និងដៃគូអភិវឌ្ឍន៍នានា បាននឹងកំពុងខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោកបានបន្តទៀតថា យើងនឹងបន្តការគាំទ្ររបស់យើងដើម្បីឱ្យ   រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព និងគោលដៅទី១៨ នៃសកម្មភាពមីន និងដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមមាត្រាទី ៥ នៃអនុសញ្ញាហាមប្រាមមីន ដើម្បីរំដោះយកចេញ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពីតំបន់ដែលរងផលប៉ះពាល់។ 

     

    តមក ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានឡើងអានសារ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ជូនដល់ជនរួមជាតិទំាងអស់ ក្នុងគោលបំណងរំលឹកប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនដែលរស់នៅតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ដែលបង្កដោយសារគ្រាប់ទាំងនេះ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន  តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាជូនដល់អង្គមិទ្ទីងដ៏មានសារៈសំខាន់នេះថា លទ្ធផលនៃការបោសសម្អាតមីននេះ បាននាំមកនូវការរំដោះដីជូនប្រជាពលរដ្ឋ និងផ្តល់សុវត្ថិភាពក្នុងការប្រើប្រាស់ដី ព្រមទាំងការរស់នៅ ដ៏សុខសាន្តរបស់ប្រជាជន ។  ប៉ុន្តែសកម្មភាពបោសសំអាតមីនតែមួយមុខ មិនគ្រប់គ្រាន់សម្រាប់កិច្ចការពារ និងការសង្រ្គោះជីវិត ប្រជាពលរដ្ឋរបស់យើង ដែលប្រឈមនឹងគ្រោះថ្នាក់ទាំងនេះបានទាំងស្រុងទេ។ កិច្ចការចាំបាច់មួយទៀតក្នុងវិស័យសកម្មភាពមីន គឺកម្មវិធីអប់រំឲ្យប្រជាពលរដ្ឋ បានយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងវិធានការសង្គ្រោះជនរងគ្រោះ ដែលមាន សារៈសំខាន់ខ្លាំង ហើយត្រូវដើរទន្ទឹមគ្នានឹង សកម្មភាពបោសសម្អាតមីនផងដែរ។ គឺផ្តើមចេញពីភាពចាំបាច់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី របស់យើង បានរៀបចំ ទិវាជាតិយល់ដឹងពីមីន  ដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំចាប់ពី ឆ្នាំ ១៩៩៩ មក ក្នុងខណៈពេលដែលកម្រិតគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពី សង្រ្គាមនៅប្រទេសយើង នៅតែស្ថិតក្នុងចំណោម ប្រទេសដែលមានអត្រាខ្ពស់បំផុត នៅលើ សកលលោក។

     

    យោងតាមទិន្នន័យស្រាវជ្រាវមូលដ្ឋាន របស់អាជ្ញាធរមីន និងតាមរយៈកិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីនរបស់ប្រតិបត្តិករកន្លងទៅ មកដល់ចុងឆ្នាំ២០១៦នេះ ដីសង្ស័យមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅមានប្រមាណជាង ១៩៤៦ គីឡូម៉ែត្រក្រឡា ក្នុងនោះប្រមាណ ៩៧០ គីឡូម៉ែត្រក្រឡា ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន និង៩៧៦ ជាដីមានផលប៉ះពាល់ដោយសារ សំណល់ជាតិផ្ទុះពីសង្រ្គាម ដែលមានតម្រូវការថវិកា ប្រមាណ ៤០៧ លានដុល្លាសម្រាប់រយៈពេល១០ឆ្នាំ ពីឆ្នាំ២០១៧ ដល់ ២០២៥។  យើងត្រូវ ការថវិកាក្នុងមួយឆ្នាំៗប្រមាណជាង ៤០លានដុល្លារ  សម្រាប់ ការបោសសម្អាតគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម។

     

    ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានចែកអំណោយជាសៀវភៅសរសេ អាវយឺត បាល់ទាត់ និងថវិកា ប្រគេនជូនដល់ ព្រះសង្ឃ យាយជី តាជីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

     


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3042
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4817
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4958
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13605
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12654

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ400
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ3384
    • ខែនេះ24826
    • ឆ្នាំនេះ349770