សៀមរាប ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន ឆ្នាំ២០១៨-២០២២ ដែលបានប្រព្រឹត្តិទៅអស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកអាជ្ញាធរមីន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ UNDP, NPA, DFID និងមន្ត្រីផែនការសកម្មភាពមីនខេត្តមកពី២៥ រាជធានី-ខេត្ត និងប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងផែនការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីនឆ្នាំ២០១៨-២០២២។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារយេនឌ័រអាជ្ញាធរមីន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ UNDP NPA DFID និងមន្ត្រីផែនការសកម្មភាពមីនខេត្តមកពី២៥ រាជធានី-ខេត្ត និងប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានរៀបចំសិក្ខាសាលានេះឲ្យទទួលបានជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឯកឧត្តមនឹងដឹកនាំប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិវិស័យមីននៅទីក្រុងវីយែន ប្រទេសអូទ្រីស ហើយឯកឧត្តមក៏នឹងលើកយកការងារបញ្ជ្រាបយេនឌ័រក្នុងវិស័យមីនទៅបង្ហាញនៅក្នុងកិច្ចប្រជុំនេះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីមានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១) រៀបចំគោលការណ៍ណែនាំស្តីពីការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន និងតាមដានត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្តផែនការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីនដោយមានការផ្សព្វផ្សាយគ្រប់ស្ថាប័ន ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធ
២) ពង្រឹង និងពង្រីកយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
៣)អភិវឌ្ឍសម្ថភាពស្តីពីការបញ្រ្ជាបយេនឌ័រដល់ក្រសួងស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
៤)លើកទឹកចិត្តអោយមានការចូលរួមស្មើភាពគ្នា និងភាពជាតំណាងស្មើភាពគ្នារវាងស្ត្រី និងបុរសក្នុងសកម្មភាពស្វែងរកការគាំទ្រមតិនៅគ្រប់កំរិត
៥)បង្កើនការយកចិត្តទុកដាក់ប្រើប្រាស់ទម្រង់កត់ត្រាទិន្នន័យដែលមានការបែងចែកភេទ អាយុ និងពិការភាព