ខេត្តកោះកុង ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
អាជ្ញាធរមីន និងរដ្ឋបាលខេត្តកោះកុង សហការរៀបចំពិធីអបអរសាទរការប្រកាសភូមិចំនួន៤ (ភូមិតាំកាន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស) ជាភូមិអស់មីន។ ចូលរួមជាអធិបតីក្នុងពិធីនោះ រួមមាន ឯកឧត្តម ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្តកោះកុង និងលោក Richpple Singh លេខាទី១ នៃស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដោយមានការចូលរួមពីប្រតិបត្តិករ NPMEC ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងជនពិការដោយសារមីន។
ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័ស របស់រដ្ឋាភិបាលឥណ្ឌា អាជ្ញាធរមីន បានប្រគល់ផែនការបោសសម្អាតមីនដល់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ធ្វើការបោសសម្អាតលេីផ្ទៃដី ២២៧.២៣៦ ម៉ែត្រការ៉េ ស្មេីនឹង ១១ ចម្ការមីន ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៦០គ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ២០៥៥ គ្រួសារ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមីនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា សម្រាប់ជំនួយមនុស្សធម៌លើវិស័យមីន និងជំនួយលើវិស័យផ្សេងៗទៀតដែលកំពុងអនុវត្ត។