អបអរសាទរការប្រកាសខេត្តកណ្តាល ជាខេត្តទី១០ អស់មីន ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ខេត្តកណ្តាល ត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ខេត្តកណ្តាល គឹជាខេត្តមួយស្ថិតក្នុងសមិទ្ធផលជាប្រវត្តិសាស្រ្តនានារបស់សម្តេចតេជោ និងត្រូវបានប្រកាសជាខេត្តទី១០ អស់មីន ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។ ខេត្តកណ្តាល មុនឈានដល់ថ្ងៃនេះ គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៨៧៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤៩ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៩៤.២៨៩ គ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល ដោយអង្គភាពស៊ីម៉ាក់ ក្នុងទំហំផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រក្រឡា ព្រមទាំងបានបង្កឲ្យមានជនរងគ្រោះចំនួន ៦៤០ នាក់ ក្នុងនោះស្លាប់ ២៨២ នាក់។ ទោះបីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយ ខេត្តកណ្តាល នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ១៦ គីឡូម៉ែត្រក្រឡា ស្មើនឹង ១៤៣ ចម្ការគ្រាប់ ទៀត។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន សូមសម្តែងនូវការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាព ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតាសន្តិភាព ដែលបានសង្រ្គោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបាន ឯកភាពជាតិ ប្រកបដោយសន្តិភាព ស្ថិរភាព ដែលជាគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីន យើងទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ជាសេនាធិការឲ្យរាជរដ្ឋាភិបាលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ជាតិ ដែលតែងតែផ្តល់នូវការគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ទាំងក្នុងពេលបោសសម្អាត និងការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយពេលបោសសម្អាតរួច។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះ ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏ដូចជាកងកម្លាំងដោះមីន ដែលបានចូលរួមរំដោះផ្ទៃដី និងផ្តល់សុខសុវត្ថិភាពដល់ប្រជាជនខេត្តកណ្តាល និងប្រកាសជាខេត្តទី១០ អស់មីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់យើង វិស័យឯកជន និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌ កន្លងទៅនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ប្រមាណជាង ៣.០០០ នាក់ រួមទាំងអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ។