(កំពង់ស្ពឺ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឃុំស្តុក និងភូមិអង្គដូនតី ភូមិត្រពាំងថ្ម ភូមិរលាំងទឹក ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឹ ត្រូវបានប្រកាសជាឃុំ ភូមិអស់មីន ក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដោយមានការគាំទ្រពីសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC)។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួម ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា តំណាងរាស្រ្ត ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ត តំណាង ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកឧកញ៉ា KM Tan ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រុមហ៊ុន អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រពលរដ្ឋ។
ក្រោមការគាំទ្រពី MBCC សហការជាមួយអាជ្ញាធរមីន ផ្ទៃដីមានមីនចំនួន ២៩៩.២៥៥ ម៉ែត្រក្រឡា ស្មើនឹង ៥ ចម្ការមីន ស្ថិតក្នុងឃុំស្តុក និងឃុំស្រង់ ត្រូវបានបោសសម្អាតរួច ដោយប្រើប្រាស់ថវិកាបានមកពីការរៀបចំរាត្រីសមោសរ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ ក្នុងកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ចាប់ផ្តើមពីខែសីហា ឆ្នាំ២០២២ គ្រាប់មីនប្រឆាំងមនុស្សចំនួន ១៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣២ គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា KM Tan ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងក្រុមហ៊ុនដទៃទៀត ដែលបានផ្តល់នូវទឹកចិត្តប្រកបដោយសប្បុរសធម៌ការរួមចំណែកផ្តល់ដីសុវត្ថិភាព និងសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជម្រុញឲ្យកម្ពុជាកាន់តែខិតជិតសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកិច្ចការមួយសំខាន់យ៉ាងសំខាន់ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយថ្ងៃរំដោះ ៧មករា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយឆ្នាំ២០២២នេះ គឺជាធ្នាំមួយដែលមានការចូលរួមយ៉ាងច្រើនកុះករពីវិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ជាមួយនឹងចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។
ដើម្បីសម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោ គ្មានមីនឆ្នាំ២០២៥ កម្ពុជា នៅសល់រយៈពេល៣ឆ្នាំ (២០២៣-២០២៥) ទៀត ត្រូវបញ្ចប់ការងារបោសសម្អាតមីន ក្នុងទំហំផ្ទៃដីសង្ស័យមានមីនប្រមាណជា ៦៤៨ គីឡូម៉ែត្រក្រឡា។