ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ លោក Philip O’Hara ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេស (FCDO) ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។
ភ្នំពេញ : ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Philip O’Hara ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេស (FCDO) ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្រោមជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស។
ក្នុងជំនួបនោះ អង្គប្រជុំ បានផ្តោតលើការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងបោសសម្អាតមីនក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស ក្នុងនោះរួមមានទាំងការគាំទ្រដល់អង្គការ APOPO សម្រាប់ការអនុវត្តគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ផងដែរ ហើយ របាយការណ៍វាយតម្លៃ នឹងត្រូវរៀបចំដាក់ជូនរាជរដ្ឋាភិបាលអង់គ្លេស ដើម្បីធ្វើការពិនិត្យ និងពិចារណាលើការផ្តល់ជំនួយបន្ត ដែលនឹងត្រូវប្រជុំអនុម័តនៅក្នុង២០២៧ ខាងមុខ។
លោក Philip O’Hara បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជា ដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេសតាមរយៈក្រសួងការបរទេសអង់គ្លេស (FCDO) ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងបោសសម្អាតមីនមនុស្សធម៌នេះ ក៏ដូចជាបានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់កិច្ចសហការក្នុងការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ និងលេចធ្លោ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលើសកម្មភាពមនុស្សធម៌នៅកម្ពុជា។
ឯកឧត្តម លី ធុជ បានបន្តលើកឡើងថា ក្នុងចំណោមការគាំទ្ររបស់អង់គ្លេស គម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ដែលកំពុងអនុវត្តដោយអង្គការ APOPO ពិតជាមានសារៈសំខាន់ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ផងដែរ