ជំនួបជាមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងវិមានវ៉ាទីកង់

បុរីវ៉ាទីកង់ : កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងវិមានវ៉ាទីកង់។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះបុរីវ៉ាទីកង់ ដែលផ្តល់ការគាំទ្រ ដល់អនុសញ្ញាអូតាវ៉ា និងបានជួយផ្សព្វផ្សាយ រំលឹកដល់មនុស្សជាតិទាំងអស់ អំពីកាតព្វកិច្ចក្នុងការការពារភពផែនដី និងការពារសន្តិភាព។ ឯកឧត្តមបណ្ឌិត បានស្នើដល់បុរីវ៉ាទីកង់ បន្តគាំទ្រដល់អនុសញ្ញាអូតាវ៉ា ជាពិសេសតាមរយៈការអំពាវនាវ ដល់ពិភពលោកទាំងមូល ឱ្យរួបរួមគ្នាលុបបំបាត់ការរងទុក្ខវេទនារបស់មនុស្ស ដែលបង្កដោយគ្រាប់មីន ដោយបញ្ឈប់ការផលិត និងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតតំបន់មានមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។
ឯកឧត្តមបណ្ឌិត បានពាំនាំនូវសេចក្តីគោរពរាប់អាន ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាទាំងមូលជូនចំពោះសម្តេចប៉ាប ផងដែរ។
សម្តេចប៉ាប ហ្វ្រង់ស៊ីស កោតសរសើរកម្ពុជាដែលចូលរួមយ៉ាងសស្រាក់សស្រាំបំផុតលើកិច្ចការងារមនុស្សធម៌ដើម្បីលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក និងការជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ជាពិសេសការដឹកនាំកិច្ចប្រជុំដែលមានសារសំខាន់ដែលនឹងនាំឱ្យមនុស្សជាតិមានស្មារតីចាកឆ្ងាយពីសង្គ្រាម និងឈានមកស្រលាញ់សន្តិភាព។ សម្តេចប៉ាប បានសង្កត់ធ្ងន់លើពាក្យ យើងត្រូវប្រយុទ្ធដើម្បីសន្តិភាព យើងត្រូវប្រយុទ្ធដើម្បីជួយជនរងគ្រោះដោយសារមីន យើងទាំងអស់គ្នាត្រូវការជម្រុញឱ្យមានសន្តិភាព។