ភ្នំពេញ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Allisa Chaker អ្នកតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការអញ្ជើញចូលរួមពី UNDP ប្រទេសអូស្ត្រាលី ប្រទេសនូវែលហ្សឺឡង់ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ និងព្រះវិហារ ក្នុងគោលបំណងរាយការណ៍នូវវឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆមាសទី២។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ប្រទេស អូស្ត្រាលី កាណាដា បារាំង ស្វីស អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង ចិន ណ័រវេស្ស បែលហ្សិក អូទ្រីស អៀឡង់ កូរ៉េខាងត្បូង ឥណ្ឌា ហុងគ្រី អង្គការ UNDP UNICEF KOICA និងដៃគូរអភិឌ្ឍន៍ដ៏ទៃទៀត ដែលតែងតែគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការរួមចំណែកជួយការងារមនុស្សធម៌ ដើម្បីឲ្យកម្ពុជាសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីន ២០២៥ ។