កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤

ភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Allisa Chaker អ្នកតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការអញ្ជើញចូលរួមពី UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលក្នុងឆ្នាំ២០២២ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២៣។

ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់គម្រោងបោសសម្អាតដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNDP ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីនអោយអស់នៅឆ្នាំ២០២៥។