កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ

(សៀមរាប) ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC Project Steering Committee Meeting) ដែលរៀបចំឡើងដោយអង្គការ HALO Trust ប្រចាំកម្ពុជា នៅទីស្នាក់ការខេត្តសៀមរាប។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្ដម​ Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, ឯកឧត្ដម​ Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, លោកជំទាវ​ ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា។

ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសស្វីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អៀរឡង់ និង HD R& D ក្នុងចំណោមប្រទេស និងដៃគូដទៃទៀត ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងដោះមីនរបស់អង្គការ HALO Trust ដែលបានចូលរួមទាំងកម្លាំងកាយ និងកម្លាំងចិត្ត បំពេញការងារយ៉ាងសកម្មក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងចូលរួមធានាដល់ការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព អស់រយៈពេលជាង ៣០ ឆ្នាំនៅកម្ពុជា។