(សៀមរាប) ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC Project Steering Committee Meeting) ដែលរៀបចំឡើងដោយអង្គការ HALO Trust ប្រចាំកម្ពុជា នៅទីស្នាក់ការខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្ដម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, ឯកឧត្ដម Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, លោកជំទាវ ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា។
ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសស្វីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អៀរឡង់ និង HD R& D ក្នុងចំណោមប្រទេស និងដៃគូដទៃទៀត ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងដោះមីនរបស់អង្គការ HALO Trust ដែលបានចូលរួមទាំងកម្លាំងកាយ និងកម្លាំងចិត្ត បំពេញការងារយ៉ាងសកម្មក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងចូលរួមធានាដល់ការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព អស់រយៈពេលជាង ៣០ ឆ្នាំនៅកម្ពុជា។