ឯកឧត្តមបណ្ឌិត លី ធុជ៖ គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ កំណត់គោលដៅច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បានកំណត់គោលដៅ និងទិសដៅគោលនយោបាយយ៉ាងច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅសេសសល់នៅកម្ពុជា។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជួបស្វាគមន៍ ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា សកម្មភាពមីនមិនមែនជាការងារមនុស្សធម៌តែមួយមុខនោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍជាតិ ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសន្តិសុខស្បៀង ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ចំពោះការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតឱ្យមាន មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ព្រមទាំងការបន្តគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់មជ្ឈមណ្ឌលនេះ។ កិច្ចពិភាក្សាក៏បានឆ្លុះបញ្ចាំងពី ចំណងមិត្តភាពដ៏យូរអង្វែង និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ព្រមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ កិច្ចសហប្រតិបត្តិការអន្តរក្រសួង រវាងសកម្មភាពមីន និងកិច្ចការពារបរិស្ថាន នឹងក្លាយជាគំរូសម្រាប់ប្រទេសដែលរងគ្រោះដោយសារជម្លោះផ្សេងទៀតនៅទូទាំងពិភពលោក ភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ — នៅទីស្តីការក្រសួងបរិស្ថាន ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបរិស្ថាន រវាងក្រសួងបរិស្ថាន និងក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកកិច្ចសហប្រតិបត្តិការនេះថា ជាជំហានសំខាន់ក្នុងការភ្ជាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅនឹងការការពារ និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កម្ពុជាមានទាំងសម្បត្តិធម្មជាតិដ៏សម្បូរបែប និងមានបន្ទុកសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមួយផ្នែកនៅស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ស្ថានភាពនេះ មិនត្រឹមតែបង្កហានិភ័យដល់សុវត្ថិភាពក្រុមអភិរក្ស និងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងរារាំងការស្រាវជ្រាវជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍអេកូទេសចរណ៍ផងដែរ។ តាមរយៈអនុស្សរណៈនេះ អាជ្ញាធរមីន និងក្រសួងបរិស្ថាន នឹងធ្វើការរួមគ្នាកំណត់តំបន់ដែលរងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម កំណត់អាទិភាពបោសសម្អាតដោយផ្អែកលើតម្រូវការអភិរក្ស សុវត្ថិភាពសហគមន៍ និងសក្តានុពលអភិវឌ្ឍន៍ ព្រមទាំងធានាថា ប្រតិបត្តិការបោសសម្អាតត្រូវអនុវត្តដោយគោរពគោលការណ៍ការពារបរិស្ថាន។ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាការពង្រីកគោលការណ៍ «ធ្វើការរួមគ្នា សម្រេចបានរួមគ្នា» របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង ដោយស្ថាប័ននីមួយៗនាំមកនូវជំនាញ និងតួនាទីរៀងៗខ្លួន ដើម្បីបង្កើតតំបន់ការពារដែលមានសុវត្ថិភាពសម្រាប់មនុស្ស សហគមន៍ និងធម្មជាតិ។ កម្ពុជាក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការបែបនេះទៅកាន់វិស័យផ្សេងៗ ដោយភ្ជាប់ការបោសសម្អាតមីនទៅនឹងការអភិវឌ្ឍកសិកម្ម និងការអភិរក្សបរិស្ថាន។ ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ប្រសិនបើកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ នោះ «កិច្ចសហប្រតិបត្តិការអន្តរក្រសួង រវាងសកម្មភាពមីន និងកិច្ចការពារបរិស្ថាន នឹងក្លាយជាគំរូសម្រាប់ប្រទេសដែលរងគ្រោះដោយសារជម្លោះផ្សេងទៀតនៅទូទាំងពិភពលោក»។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នៅពេលកម្ពុជាសម្រេចបានគោលដៅគ្មានផលប៉ះពាល់ដោយសារមីនត្រឹមឆ្នាំ២០៣០ តំបន់អភិរក្សរបស់កម្ពុជានឹងមិនត្រឹមតែរួចផុតពីការទន្ទ្រានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួចផុតពីការគំរាមកំហែងដែលបន្សល់ទុកពីសង្គ្រាមផងដែរ។ អាជ្ញាធរមីន និងក្រសួងបរិស្ថាន នឹងរួមគ្នាធ្វើឱ្យតំបន់ការពារធម្មជាតិក្លាយជាតំបន់មានសុវត្ថិភាព មានជីវិត និងការរស់ឡើងវិញ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ការគាំទ្រ និងបទពិសោធន៍របស់កម្ពុជា និងតួកគីយ៉េក្នុងសកម្មភាពមីនសកល នឹងបន្តជម្រុញឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ — នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងតួកគីយ៉េ។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានស្វាគមន៍ និងអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលកាន់តំណែងថ្មី ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតតួកគីយ៉េ ដើម្បីប្រែក្លាយទំនាក់ទំនងមិត្តភាពឱ្យទៅជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តម Mesut Özcan បានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានពង្រីកទៅលើវិស័យជាច្រើន រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅតួកគីយ៉េ។ ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងភាពជាដៃគូកម្ពុជា–តួកគីយ៉េ និងបានលើកឡើងពីការចូលរួមរបស់តួកគីយ៉េ ក្នុងការរួមចំណែកដោះស្រាយបញ្ហាមីននៅកម្រិតសកល។ ពាក់ព័ន្ធនឹងសកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានចែករំលែកថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់ដោយមីនយ៉ាងធ្ងន់ធ្ងរ ទៅជាប្រទេសដែលមានសមត្ថភាព ជំនាញ និងបទពិសោធន៍ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ ទន្ទឹមនឹងសមិទ្ធផលទាំងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមថ្មី ពាក់ព័ន្ធនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា–ថៃ នៅតាមសហគមន៍ និងតំបន់មួយចំនួន ដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរចំពោះការគាំទ្ររបស់តួកគីយ៉េចំពោះសកម្មភាពមីនអន្តរជាតិ និងគូសបញ្ជាក់ថា បទពិសោធន៍ ជំនាញ និងការគាំទ្ររបស់កម្ពុជា និងតួកគីយ៉េ អាចបំពេញបន្ថែមគ្នា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតលើការចែករំលែកបទពិសោធន៍ និងចំណេះដឹង ការកសាងសមត្ថភាព និងការរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌សកល។