ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបសន្ទនាជាមួយម្ចាស់ក្សត្រី Beatrice Astrid នៃព្រះរាជាណាចក្របែលហ្ស៊ិក

ឯកឧត្តមបណ្ឌិត លី ធុជ ជួបសន្ទនាជាមួយម្ចាស់ក្សត្រីបែលហ្ស៊ិក ដោយបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា និងការពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីនសកល
(ព្រុចសែល, បែលហ្ស៊ិក)៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាន Residence Palace ទីក្រុងព្រុចសែល ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបសន្ទនាជាមួយម្ចាស់ក្សត្រី Beatrice Astrid នៃព្រះរាជាណាចក្របែលហ្ស៊ិក ក្នុងឱកាសចូលរួមសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែន ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះម្ចាស់ក្សត្រី Beatrice Astrid ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញចលនាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន ព្រមទាំងបានយាងមកបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជាកាលពីឆ្នាំ២០០៣។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតក៏បានអញ្ជើញម្ចាស់ក្សត្រីឱ្យយាងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មី ដើម្បីបន្តស្វែងយល់ពីវឌ្ឍនភាព និងសមិទ្ធផលក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសបែលហ្ស៊ិក ក្នុងការទទួលតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឆ្នាំ២០២៧ ព្រមទាំងបានជូនពរឱ្យប្រទេសបែលហ្ស៊ិកទទួលបានជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំនេះ។
ជាការឆ្លើយតប ម្ចាស់ក្សត្រី Beatrice Astrid បានកោតសរសើរចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ដោយចាត់ទុកកម្ពុជាជាប្រទេសគំរូមួយក្នុងវិស័យនេះនៅលើឆាកអន្តរជាតិ។ ម្ចាស់ក្សត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេសរបស់កម្ពុជា ដល់ប្រទេសនានាដែលកំពុងប្រឈមនឹងបញ្ហាមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។