សន្និបាតប្រចាំឆ្នាំលើកទី ៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ ក្រោមមូលបទ “ការជំរុញសកម្មភាពសម្រាប់ធាតុអាកាសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្នុងនោះនារសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ នឹងជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើការងារបោសសម្អាតមីនដែលជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០។

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ក៏នឹងធ្វើសេចក្តីថ្លែងការណ៍ចំពោះអង្គសន្និបាត អំពីបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពន្លឿនសកម្មភាពធាតុអាកាសទាំងខាងក្នុង និងខាងក្រៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អម និងតាំងបង្ហាញរូបភាពសកម្មភាពមីននៅកម្ពុជាកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងទិសដៅទៅមុខនៃសកម្មភាពមីនកម្ពុជា នៅក្នុងអំឡុងពេលនៃសន្និបាតប្រចាំឆ្នាំនេះផងដែរ។