អបអរសាទរ​ខួប​ទី២៥​ឆ្នាំ​ នៃ​ការ​ចូល​ជា​ធរមាន​របស់​អនុសញ្ញា​ហាមការប្រេីប្រាស់មីនប្រឆាំងមនុស្ស​ (អនុសញ្ញា​អូតាវ៉ា​)

ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ ៖​ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥នៃ​អនុសញ្ញា​អូតាវ៉ា​ប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាការអំពាវនាវឱ្យពិភពលោកបន្តកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។

(ប្រទេសស្វីស)​ ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ​២០២៤​ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ ប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៤​ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​ទី២៥​ឆ្នាំ​ នៃ​ការ​ចូល​ជា​ធរមាន​របស់​អនុសញ្ញា​ហាមការប្រេីប្រាស់មីនប្រឆាំងមនុស្ស​ (អនុសញ្ញា​អូតាវ៉ា​)​ ដែល​បានប្រព្រឹត្តនៅទីស្នាក់អង្គការសហប្រជាជាតិ​ ទីក្រុងហ្សឺណែវ​ ប្រទេស​ស្វីស​។

ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ បានថ្លែងថា​ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥នៃ​អនុសញ្ញា​អូតាវ៉ា​ប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។

ក្នង​នាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤​ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់សម្តេច សម្រេចឱ្យបានពិភពលោកមួយដែលមិនមានការគំរាមកំហែង និងការរងគ្រោះដោយសារគ្រាប់មីន។

ឯកឧត្តម​ លី​ ធុជ​ បាន​បន្តលេីកឡេីងថា​ ថ្ងៃទី​០១​ ខែ​មីនា​ គឺជាទិវាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាចូលរួមរំលឹកខួបលើកទី២៥នៃអនុសញ្ញអូតាវ៉ា។​ កាលពី២៥ឆ្នាំកន្លងទៅ ពិភពលោកបានរួបរួមគ្នាដែលមិនធ្លាប់មានពីមុនមក និងបានអនុម័តអនុសញ្ញាអូតាវ៉ា ហើយអនុសញ្ញានេះ មិនត្រឹមជាសមិទ្ធផលការទូតប៉ុណ្ណោះទេ តែវាជាការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានា ក្នុងការការពារ ការព្យាបាល និងការស្តារឡើងវិញដល់ជនរងគ្រោះដោយសារគ្រាប់មីន។ វាគឺជាពេលវេលាមួយដែលមនុស្សជាតិបានក្រោកឈរឡើងរួមគ្នាដើម្បីផ្តល់ក្តីសង្ឃឹមដល់ជនដែលបានរងគ្រោះបន្ទាប់ពីសង្គ្រាមបានបញ្ចប់។

ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ បានអានជូននូវសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជា​អង្គពិធី​ ដេីម្បី​អបអរសាទរក្នុងឱកាសខួបលើកទី២៥នៃអនុសញ្ញាអូតាវ៉ា​ ដែល​សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ មិនមែនត្រឹមតែថ្លែងសារអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។

ជាទី​បញ្ចប់​ ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា​"ខណៈពេលដែលយើងកំពុងឈររួបរួមគ្នានៅក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ សូមយើងទាំងអស់គ្នារំលឹកឡើងវីញនូវស្មារតីអនុសញ្ញាអូតាវ៉ា និងធ្វើដំណើរបន្តក្នុងបេសកកម្មមនុស្សធម៌របស់យើង។"