អាជ្ញាធរមីន៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកិច្ចសហប្រតិបត្តិការបោសសម្អាតមីន ក្រោមក្របខណ្ឌនៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះចូលរួមដោយតំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។