ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក ពៅ នេពីន ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក ពៅ នេពីន ដែលជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា គ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

សពអ្នកដោះមីន លោក ពៅ នេពីន ត្រូវបានក្រុមគ្រួសារយកទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតក្នុងមណ្ឌលយោធិនពិការភ្នំឆ័ត្រ ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារបោសសម្អាតមីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅទទួលសុខសុវត្ថិភាពពីគ្រាប់មីន និងមានជីវភាពរស់នៅល្អប្រសើរជាងមុន តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅជាដីមាស។

សាររបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត “យើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មបាត់បង់កូនប្រុស ឪពុក បងប្អូនប្រុសជាទីស្រលាញ់រូបនេះ។ សូមមេត្តាទទួលយកនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់យើងខ្ញុំ។ យើងទាំងអស់ នឹងចងចាំជានិច្ចនូវសេចក្តីក្លាហាន និងការពលីលះបង់របស់កូនប្រុស ឪពុក បងប្អូនប្រុស នៅក្នុងបុព្វហេតុធានាសុខសុវត្ថិភាពជូនប្រជាជនយើង។ កូនប្រុស ឪពុក បងប្អូនប្រុសជាទីស្រលាញ់របស់អ្នក នឹងស្ថិតនៅក្នុងបេះដូងរបស់យើងទាំងអស់គ្នា ជារៀងរហូត"។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមក្រុមគ្រួសារនៃសព បានថ្លែងអំណរគុុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ ដែលបានផ្ញេីសាររំលែកមរណ:ទុក្ខចំពោះក្រុមគ្រួសារនៃសព។

ក្នុងពិធីចូលរួមបុណ្យសព ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំយកមកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដេីម្បីចូលរួមដល់ក្រុមគ្រួសារនៃសព ផងដែរ។