ជំនួបជាមួយលោក Rajib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ លោក Rajib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក។

ភ្នំពេញ : រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Rajib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងក្រោមទឹក។

កិច្ចពិភាក្សា បានផ្តោតសំខាន់លើការកិច្ចគាំទ្រធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវជំនួយផ្នែកកិច្ចសង្គ្រោះជនរងគ្រោះសម្រាប់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹកដោយមិនបច្ចេកទេស ដើម្បីកំណត់ទំហំនៃផលប៉ះពាល់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន។

អង្គប្រជុំ បានឯកភាពរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ HI កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងជនមានពិការភាព និងបច្ចេកទេសនៃការសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានជម្រុញឱ្យការបង្កើតក្រុមការងារចំពោះកិច្ច ឬក្រុមការងារសម្របសម្រួលបច្ចេកទេស ដើម្បីជម្រុញលើកកម្ពស់កិច្ចសង្រ្គោះជនរងគ្រោះ ដែលអាចនឹងមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ជាដើម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវជំនួយផ្នែកកិច្ចសង្គ្រោះជនរងគ្រោះសម្រាប់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍របស់ពួកគាត់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់អង្គការ HI កម្ពុជា ដែលបានចូលរួមចំណែកជួយដល់ការអប់រំយល់ដឹងពីយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ កិច្ចសង្រ្គោះជនរងគ្រោះ និងការបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៨២។