ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា បន្តគាំទ្រឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដេីម្បីសម្រេចរួមគ្នាលើការងារបោសសម្អាតមីន។
(ភ្នំពេញ) ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិ រួមមាន កងទ័ពជើងគោក មជ្ឈមណ្ឌលកងរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីរៀបចំផែនការបោសសម្អាតមីនក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ជាមួយគ្នានេះ ក៏បានលើកឡើងបច្ចុប្បន្នភាព វឌ្ឍនភាព និងប្រសិទ្ធភាពនៃការងារសកម្មភាពមីន។
ជាកិច្ចតំបូងនៃដំណើរការកិច្ចប្រជុំ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនទាំងពីរដំណាក់កាល ដែលមានប្រជាជនកម្ពុជាចំនួន ១០ ខេត្ត បានទទួលផលប្រយោជន៍ពីគម្រោងនេះ ដោត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៩១.១២៣.៣៤៩ ម៉ែត្រក្រឡា ក្នុងខេត្តចំនួន ០៦ នឹងត្រូវប្រកាសជាខេត្តអស់មីន រួមមាន ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តស្វាយរៀង និងខេត្តកំពត និងស្រុកចំនួន១៤ និងឃុំចំនួន១១ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ នឹងត្រូវប្រកាសជាស្រុកឃុំអស់មីន។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករជាតិទាំងបី ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដោយជោគជ័យ និងត្រៀមប្រកាសខេត្ត ស្រុក អស់មីនជាបន្តបន្ទាប់។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រតិបត្តិករជាតិ-អន្តរជាតិដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះ ក្នុងនាមប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកំពុងបន្តរស់នៅលើតំបន់សង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានទម្លាក់ថវិកាបន្ថែមចំនួន ៣០លានដុល្លារអាមេរិក បញ្ចូលក្នុងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ទោះបីមានបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅបន្តត្រូវការឲ្យមានការចូលរួមគាំទ្រកាន់តែខ្លាំងក្លាបន្ថែមទៀតពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីននៅកម្ពុជា និងបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយរួមគ្នា។