ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើការប្រើប្រាស់ បច្ចេកវិទ្យាទំនើបយានគ្មានមនុស្សបើក (Drone)នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
វគ្គបណ្តុះបណ្តលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវចំណេះដឹងជាមូលដ្ឋានលើការប្រើប្រាស់យានគ្មានមនុស្សបើក ដើម្បីចែករំលែកចំណេះដឹងជូនដល់មន្ត្រី-បុគ្គលិកអាជ្ញាធរ ក្រុមត្រួតពិនិត្យ និងកងយោធពលខេមរភូមិន្ទ ក្នុងការគ្រប់គ្រងទិន្នន័យប្រតិបត្តិការបោសសម្អាតមីននៅទីវាល ការវិភាគព័ត៌មានឱ្យមានប្រសិទ្ធភាព ប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈច្បាស់លាស់ ឆ្លើយតបទាន់ពេលវេលាទៅនឹងបដិវត្តបច្ចេកវិទ្យាទំនើបលើវិស័យសកម្មភាពមីន។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន៣៩នាក់ ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Lancashire ចក្រភពអង់គ្លេស ដែលមានសាស្ត្រាចារ្យវិទ្យាសាស្ត្រលំហអាកាស (Aerospace-Engineer) Prof. Darren Anzell និង Prof. David Jones និងអាជ្ញាធរមីន។