ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA នៃប្រទេសន័រវេស្ស គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA នៃប្រទេសន័រវេស្ស គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Hans Risser នាយកទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងមិត្តភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងន័រវេស្ស ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្សដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវិស័យសកម្មភាពមនុស្សធម៌ និងការកសាងសមត្ថភាពដល់មន្រ្តីបុគ្គលិកសកម្មភាពមីន ផងដែរ ក្នុងនោះទីភ្នាក់ងារ NPA គឺជាដៃគូមួយយ៉ាងសំខាន់សម្រាប់វិស័យសកម្មភាពមីន។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសន័រវេស្សដែលបានផ្តល់ការគាំទ្រដល់ភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា រហូតដល់ទទួលបានជោគជ័យ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យទីភ្នាក់ងារ NPA បន្តគាំទ្រដល់ដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន ជំនួយបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគាំទ្រដល់ដំណើរការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣ របស់កម្ពុជា ដែលអាជ្ញាធរមីន សហការជាមួយដៃគូពាក់ព័ន្ធកំពុងរៀបចំ និងគ្រោងអនុម័តនាចុងឆ្នាំ២០២៥ នេះ។

លោក Hans Risser នាយក NPA ប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ លោក Hans Risser បានអះអាងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងមន្រ្តីត្រួតពិនិត្យគុណភាពបោសសម្អាតមីនរបស់អាជ្ញាធរមីន។ មុននឹងបញ្ចប់ នាយក NPA ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដល់បេសកម្មការងាររបស់ទីភ្នាក់ងារ NPA ប្រចាំកម្ពុជា។