អាជ្ញាធរមីន រៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក

អាជ្ញាធរមីន រៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក

នៅទីស្នាក់ការអាជ្ញាធរមីន រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរមីន បានរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងក្រោមកិច្ចសម្របសម្រួលដោយ ធម្មបណ្ឌិត អៀង សុធារ៉ា និងឯកឧត្តមបណ្ឌិត ម៉ីកល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

បទឧទ្ទេសនេះ ប្រព្រឹត្តិទៅក្នុងគោលបំណងដេីម្បីពង្រឹងសមត្ថភាព សតិអារម្មណ៍ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវ ក្នុងការដឹកនាំ និងការអភិវឌ្ឍស្ថាប័នអាជ្ញាធរមីន ឱ្យកាន់តែមានភាពរឹងមាំ ការរីកចម្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ដើម្បីឱ្យស្ថាប័នមានការអភិវឌ្ឍ និងទទួលបានការវាយតម្លៃខ្ពស់ មន្រ្តី-បុគ្គលិក ត្រូវមានភាពស្មោះត្រង់ ការទទួលខុសត្រូវ និងចេះគោរពគ្នាទៅវិញទៅមក។

ឯកឧត្តម​បន្ត​ទៀត​ថា ការគ្រប់គ្រង និងដឹកនាំស្ថាប័ន ត្រូវប្រព្រឹត្តិទៅដោយផ្អែកលើគុណសម្បត្តិ និងមានគុណធម៌ ហើយលក្ខណៈសំខាន់ៗនៃភាពដឹកនាំប្រកបដោយគុណធម៌ ត្រូវមានសុចរិតភាព ភាពស្មោះត្រង់ ការគោរពអ្នកដល់អ្នកដទៃ ភាពទំនួលខុសត្រូវ និងភាពយុត្តិធម៌។

ជាចុងបញ្ចប់ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​ មន្រ្ដី​ បុគ្គលិក​អាជ្ញាធរ​មីន​ទាំងអស់​ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ ដេីម្បី​ដឹកនាំ​ និង​សម្របសម្រួល​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ ឱ្យ​ទទួល​បាន​ជោគជ័យ​ស្រប​តាម​ចក្ខុវិស័យ​របស់​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ឆ្ពោះ​ទៅរក​កម្ពុជា​មួយ​ដែល​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទះ​ពី​សង្រ្គាម​។